MENU

Fun & Interesting

ខួប៥១ឆ្នាំនៃការធ្វើរដ្ឋប្រហារ៖ រឿងរ៉ាវអាថ៌កំបាំងបន្ថែមនៅពីក្រោយអំពើរដ្ឋប្រហារទម្លាក់សម្ដេចព្រះ...

FRESH NEWS 1,387,791 4 years ago
Video Not Working? Fix It Now

ខួប៥១ឆ្នាំនៃការធ្វើរដ្ឋប្រហារ៖ រឿងរ៉ាវអាថ៌កំបាំងបន្ថែមនៅពីក្រោយអំពើរដ្ឋប្រហារទម្លាក់សម្ដេចព្រះនរោត្តម សីហនុ កាលថ្ងៃទី១៨ មីនា ១៩៧០ (Video inside) ព័ត៌មានលម្អិត៖ http://plus.freshnewsasia.com/index.php/en/freshnewsplus/190000-2021-03-17-08-45-49.html (ភ្នំពេញ)៖ ទម្រាំផ្ដួលរំលំសម្ដេចព្រះនរោត្តម សីហនុ ពីតំណែងព្រះប្រមុខសង្គមរាស្ត្រនិយមបាន ប្រទេសអមិត្តបានចំណាយពេលអស់ប្រមាណ១៥ឆ្នាំ ជាមួយនឹងការប្រើគ្រប់ល្បិចកិច្ចកលមួយរយជំពូក ដើម្បីតែសម្រេចនយោបាយបំផ្លាញសុខសន្តិភាពកម្ពុជា ខណៈដែលកម្ពុជាបានប្រកាសក្ដែងៗហើយថា មិនព្រមចូលបក្សសម្ពន្ធខាងណានោះឡើយ។ ស្របពេលដែលថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២១ នេះ គឺជាខួប៥១ឆ្នាំ នៃព្រឹត្តិការណ៍រដ្ឋប្រហារទម្លាក់សម្ដេចព្រះនរោត្តម សីហនុ ពីតំណែងព្រះប្រមុខរដ្ឋសង្គមរាស្ត្រនិយម កាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០នោះ Fresh News Plus សូមដកស្រង់នូវរឿងរ៉ាវស៉ីជម្រៅបន្ថែមទៀត ដើម្បីឱ្យប្រិយមិត្តអ្នកអានបានយល់កាន់តែច្បាស់ អំពីអាថ៌កំបាំងដែលនៅពីក្រោយអំពើធ្វើរដ្ឋប្រហារនេះ។ សហរដ្ឋអាមេរិក និងទីភ្នាក់ងារ CIA រួមជាមួយប្រទេសអមិត្តដែលនៅជិតខាងផងនោះ បានចាប់ផ្ដើមសកម្មភាពប្រឆាំងនឹងសម្ដេចព្រះនរោត្តម សីហនុ តាំងតែពីឆ្នាំ១៩៥៥ មកម្ល៉េះ។ សហរដ្ឋអាមេរិក មានចរិតនយោបាយដាក់សម្ពាធមកលើប្រទេសណាដែលមិនរណបខ្លួន ក្នុងនោះកម្ពុជាក៏ជួបវាសនាបែបនេះដែរ។ ពួកគេបានប្រើឧបាយកលមួយរយជំពូកគ្រប់រូបភាព ដើម្បីបំបែករបបសង្គមរាស្ត្រនិយម ប្រសិនបើវិធីសាស្ត្រមិនបានសម្រេច ពួកគេប្ដូរវិធីសាស្ត្រមួយទៀត និងមានការចំណាយលុយដ៏ច្រើនអនេក ដើម្បីទិញក្បាលមនុស្សឱ្យចូលរួមក្នុងការផ្ដួលរំលំសម្ដេចព្រះនរោត្តម សីហនុ ប៉ុន្តែត្រូវបានសម្ដេចព្រះប្រមុខរដ្ឋកម្ចាត់ចោលទាំងអស់។ នៅដើមឆ្នាំ១៩៥៥ លោក ចន ហ្វូស្ទ័រ ឌូលេស (John Foster Dulles) រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក នៃរដ្ឋបាលលោកប្រធានាធិបតី ដ្វាយ ឌី. អេសិនហៅវឺរ (Dwight D. Eisenhower) បានមកទស្សនកិច្ចនៅប្រទេសកម្ពុជា ហើយនៅក្នុងឆ្នាំដដែលនោះ ប្អូនប្រុសរបស់លោករដ្ឋមន្ត្រី គឺលោក អាល់ឡិន ឌូលេស (Allen Welsh Dulles) ក៏បានមកទស្សនកិច្ចនៅរាជធានីភ្នំពេញផងដែរ ដើម្បីបញ្ចុះបញ្ចូលឱ្យសម្តេចព្រះនរោត្តម សីហនុ ចូលរួមជាមួយអង្គការសេអាតូ (SEATO) រួមគ្នាទប់ស្កាត់ឥទ្ធិពលកុម្មុយនិស្ដនៅអាស៉ីអាគ្នេយ៍ ប៉ុន្តែសម្ដេចព្រះប្រមុខរដ្ឋមិនបានយល់ព្រមឡើយ។ សម្ដេច សីហនុ បានមានព្រះបន្ទូលទៅកាន់លោក ឌូលេស វិញថា «កម្ពុជាគ្មានបំណងសោះឡើយ ក្នុងការភ្ជាប់ខ្លួនចូលទៅផ្នែកណាមួយរបស់អង្គការយោធាសេអាតូ។ កម្ពុជាចេះមើលថែខ្លួនឯង និងអាចការពារព្រះរាជាណាចក្ររបស់ខ្លួន ក្នុងនាមជាប្រទេសអព្យាក្រឹត និងក្នុងនាមជាអ្នកគោរពប្រតិបត្តិយ៉ាងខ្ជាប់ខ្ជួនតាមព្រះពុទ្ធសាសនា»។ នាយក CIA លោក ឌូលេស អស់អ្វីនិយាយតទៅទៀត ហើយក៏បោសគូទខោឡើងយន្តហោះត្រលប់ទៅវ៉ាស៉ីនតោនវិញទាំងខកចិត្ត។ កាលណោះ ប្រទេសថៃ និងវៀតណាមខាងត្បូង ក៏ជាសមាជិកនៃអង្គការសេអាតូនោះដែរ។ រដ្ឋាភិបាលពួកអមិត្តទាំងនេះតែងតែធ្វើទុក្ខបុកម្នេញតាមព្រំដែនរបស់កម្ពុជា និងព្យាយាមលូកលាន់ចូលក្នុងកិច្ចការផ្ទៃក្នុងកម្ពុជា តាមរយៈការគាំទ្រអ្នកដែលប្រឆាំងនឹងសម្ដេចព្រះនរោត្តម សីហនុ ថែមទៀតផង។ ដូច្នេះហើយទើបបានជាសម្ដេចព្រះនរោត្តម សីហនុ ចាត់ទុកថា អង្គការសេអាតូ គឺជាសម្ពន្ធមិត្តយោធាឈ្លានពាន ដែលប្រឆាំងដោយផ្ទាល់ជាមួយប្រទេសជិតខាង ហើយមនោគមវិជ្ជារបស់អង្គការនេះទៀតសោត គឺផ្ទុយស្រឡះពីសម្ដេចព្រះប្រមុខដែលប្រកាន់ជំហរអព្យាក្រឹត។ តាមរយៈទស្សនកិច្ចរបស់បងប្អូនត្រកូល ឌូលេស នៅឆ្នាំ១៩៥៥ នោះ ត្រូវបានគេមើលឃើញថា ជាចំណុចចាប់ផ្ដើមនៃការអនុវត្តនយោបាយដាក់សម្ពាធមកលើ ព្រះរាជាណាចក្រកម្ពុជា ដើម្បីឱ្យកោះសន្តិភាពមួយនេះងាកទៅរកប្លុកលោកសេរី ប្រឆាំងជាមួយពួកកុម្មុយនិស្ដ។ ចាប់ពីពេលនោះមក ការបង្ខិតបង្ខំ និងការដាក់សម្ពាធមកលើប្រទេសកម្ពុជា បានបន្តជាហូរហែអស់រយៈពេលប្រមាណ ១៥ ឆ្នាំ រហូតទាល់តែពួកគេសម្រេចជោគជ័យបាន នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០។ ក្នុងស្ថានភាពដ៏តាងតឹងនៃបរិបទសង្គ្រាមត្រជាក់ ដើម្បីបញ្ជៀសកម្ពុជាពីភ្លើងសង្គ្រាម និងដើម្បីរក្សាតុល្យភាពរវាងប្លុកមនោគមវិជ្ជាសេរី និងកុម្មុយនិស្ដ ព្រមទាំងក្នុងគោលបំណងកាត់បន្ថយសម្ពាធនយោបាយពីសហរដ្ឋអាមេរិក និងអង្គការសេអាតូ សម្ដេចព្រះនរោត្តម សីហនុ បានសម្រេចជ្រើសរើសបន្ទាត់នយោបាយអព្យាក្រឹតមិនចូលបក្សសម្ពន្ធ។ ព្រះអង្គបានបង្កើនសកម្មភាពការទូតយ៉ាងសកម្ម ជាមួយបណ្ដាប្រទេសដែលមានគោលនយោបាយស្រដៀងនឹងកម្ពុជា។ ជាក់ស្ដែងនៅចន្លោះថ្ងៃទី១៨-២៤ ខែមីនា ឆ្នាំ១៩៥៥ សម្ដេចព្រះនរោត្តម សីហនុ បានយាងបំពេញព្រះរាជទស្សនកិច្ចនៅប្រទេសឥណ្ឌា និងបានចុះហត្ថលេខាជាមួយនាយករដ្ឋមន្ត្រី នេហ៍រុ (Jawaharlal Nehru) លើសេចក្ដីប្រកាសរួមស្ដីពីការរួមរស់ប្រកបដោយសន្តិសហវិជ្ជមាន។ បន្ទាប់ពីព្រះរាជទស្សនកិច្ចនៅប្រទេសឥណ្ឌា សម្ដេចព្រះនរោត្តម សីហនុ បានយាងចូលរួមសន្និសីទអាស៊ី-អាហ្វ្រិក នៅទីក្រុងបានឌុង (Bandung city) ប្រទេសឥណ្ឌូណេស៉ី ជាទីដែលមានវត្តមានថ្នាក់ដឹកនាំអន្តរជាតិចំនួន ២៩ ប្រទេស ហើយក៏ជាឱកាសដែលព្រះអង្គបានជួបជាលើកដំបូងជាមួយនាយករដ្ឋមន្ត្រីចិន លោក ជូ អេនឡាយ (Zhou Enlai) និងរដ្ឋមន្ត្រីការបរទេសវៀតណាមខាងជើង លោក ផាម វ៉ាន់ដុង (Pham Van Dong) ផងដែរ។ ក្នុងជំនួបនោះ លោក ជូ អេនឡាយ បានសួរមកកាន់សម្ដេចព្រះនរោត្តម សីហនុ ថា «តើព្រះអង្គនឹងអនុញ្ញាតឱ្យសហរដ្ឋអាមេរិកកសាងមូលដ្ឋានយោធា ឬចុះហត្ថលេខាចងជាសម្ពន្ធមិត្តជាមួយអាមេរិកដែរឬទេ?» សម្ដេចព្រះនរោត្តម សីហនុ បានឆ្លើយតបថា «ខ្ញុំនឹងមិនសម្របសម្រួលជាដាច់ខាត បើការសម្រេចចិត្តណាមួយនោះ ធ្វើឱ្យប៉ះពាល់ដល់ឯករាជ្យជាតិរបស់កម្ពុជា»។ លោក ជូ អេនឡាយ បានសម្តែងការពេញចិត្តយ៉ាងខ្លាំង ចំពោះចម្លើយរបស់សម្ដេចព្រះនរោត្តម សីហនុ ហើយបានតបថា «កម្ពុជាមានសិទ្ធិពេញលេញក្នុងការការពារមាតុភូមិរបស់ខ្លួន និងអាចអំពាវនាវស្នើសុំជំនួយពីបរទេសបាន»។ * ទូរទស្សន៍ព័ត៌មាន Fresh News ផ្សាយគ្របដណ្តប់ទូទាំងប្រទេសតាមរយៈផ្កាយរណប និងខ្សែកាប PPCTV ប៉ុស្តិ៍ 76, DTV ប៉ុស្តិ៍ 19, SkyOne ប៉ុស្តិ៍ 26, One TV ប៉ុស្តិ៍ 18, CCTV ប៉ុស្តិ៍ 37 និងទូរទស្សន៍ខ្សែកាប ២៥រាជធានី-ខេត្ត និងផ្សាយព័ត៌មានថ្មីៗចុងក្រោយតាមប្រព័ន្ធ App, Website, TV Channel, Radio, YouTube, Facebook, English, Chinese, Telegram.

Comment