និស្សិតផ្នែកចម្លាក់ ឈិន ពិសិដ្ឋ៖ «លោក Beat Richner បានឱ្យជីវិតទី២ដល់ខ្ញុំ»
លោក ឈិន ពិសិដ្ឋ គឺជាអតីតកុមារាដែលធ្លាប់ទទួលបានការព្យាបាលជំងឺគ្រុនឈាមនៅមន្ទីរពេទ្យគន្ធបុប្ផា។ លោក ឈិន ពិសិដ្ឋ បានសម្រេចចិត្តឆ្លាក់រូបលោក Beat Richner សម្រាប់ស្នាដៃបញ្ចប់ថ្នាក់បរិញ្ញា ដើម្បីបង្ហាញពីការដឹងគុណនៃការជួយសង្គ្រោះលោក ។ រូបចម្លាក់លោក Beat Richner ក្រោមប្រធានបទ”វីរៈបុរសមនុស្សធម៌” ជាស្នាដៃរួមរបស់និស្សិត ឈិន ពិសិដ្ឋ និងនិស្សិត ព្រិច ពៅ។
លោក ឈិន ពិសិដ្ឋ ដែលរៀននៅមហាវិទ្យាល័យសិល្បៈសូនរូប ឯកទេសចម្លាក់ នៃសកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ បានប្រាប់សារព័ត៌មានថ្មីៗ នៅចំពោះរូបសំណាកលោក Beat Richner ថា ការលះបង់របស់បុរសជនជាតិស្វីសរូបនេះ មានតម្លៃមិនអាចកាត់ថ្លៃបានសម្រាប់កុមារនិងប្រជាជនកម្ពុជា។
ស្ថិតក្នុងវ័យ២៦ឆ្នាំ បុរសដែលធ្លាប់ទៅព្យាបាលជំងឺគ្រុនឈាមនៅមន្ទីរពេទ្យគន្ធបុប្ផា កាលពីកុមារភាពលោក ឈិន ពិសិដ្ឋ បានបញ្ជាក់ដូច្នេះ៖«លោក Beat Richner មិនត្រឹមតែជាវីរៈបុរសរបស់ខ្ញុំឡើយ ប៉ុន្តែលោកគឺជាវីរៈបុរសសម្រាប់កុមារកម្ពុជាគ្រប់រូប។ មាតាបិតាជាច្រើនមានក្ដីសង្ឃឹមនិងស្នាមញញឹមឡើងវិញ ដោយសារមន្ទីរពេទ្យគន្ធបុប្ផា»។
ចំណែកលោក ព្រិច ពៅ បានពន្យល់ពីបច្ចេកទេសនៃការឆ្លាក់រូបលោក Beat Richner ដោយមានតែមួយកំណាត់ខ្លួន និងមានតែដៃឆ្វេងមួយចំហៀង៖«សិល្បៈបែបទំនើបគេផ្ដោតទៅលើអត្ថន័យ ចៀសជាងការឆ្លាក់ឱ្យដូចរូបពិតទាំងស្រុង។ យើងចង់ឱ្យអ្នកមើល គាត់ផ្ដោតអារម្មណ៍លើអ្វីដែលពួកយើងចង់បង្ហាញ»។
គោលបំនងសំខាន់ដែលនិស្សិតទាំងពីរចង់បង្ហាញ តាមរយៈស្នាដៃចម្លាក់របស់ខ្លួននេះ គឺពួកគេចង់ឱ្យប្រជាជនខ្មែរចងចាំពីវីរភាព និងការលះបង់របស់លោក Beat Richner សម្រាប់កុមារកម្ពុជា និងប្រជាជនកម្ពុជាគ្រប់រូប។ និស្សិតទាំងពីរក៏បានសំណូមពរដល់សាធារណជន ផងដែរ លើការចូលរួមជួយជ្រោមជ្រែងមន្ទីរពេទ្យគន្ធបុប្ផា៖«ប្រជាជនគ្រប់រូបអាចជួយមន្ទីរពេទ្យគន្ធបុប្ផាតាមរយៈការបរិច្ចាគនៅតាមធុងមូលនិធិនានា។ យើងមិនចាំបាច់ធ្វើរាល់ថ្ងៃទេ ប៉ុន្តែយើងអាចចូលរួមនៅពេលដែលមានការរៃអង្គាស»៕
#ចម្លាក់
#BeatRichner
#Thmeythmey
--------------------------------------------------------------------
ThmeyThmey News Social Media:
https://thmeythmey.com/
https://www.facebook.com/ThmeyThmey/
https://www.facebook.com/thmeythmeyvideonews/
https://www.instagram.com/thmeythmeynews/
https://twitter.com/thmeythmey